សេចក្តីជូនដំណឹងពីសុវត្ថិភាពទូអេធីអឹម របស់ធនាគារ ABA
09/May/2017
សូមជម្រាបជូនអតិថិជនទាំងអស់ឲ្យបានជ្រាបថា ពេលកន្លងមកថ្មីៗនេះ មានករណីប្រើហិង្សាដែលបង្កឡើងដោយអតិថិជនក្នុងទីក្រុងភ្នំពេញ និង ខេត្តកំពត បណ្ដាលឲ្យខូចខាតដល់ទូអេធីអឹម របស់ធនាគារ ABA។ ហេតុការណ៍2ករណីផ្សេងគ្នានេះបានកើតឡើង ដោយអតិថិជនម្នាក់បានប្រើកណ្តាប់ដៃដាល់កញ្ចក់អេក្រង់របស់ម៉ាស៊ីនអេធីអឹម និងអតិថិជនម្នាក់ទៀតបានយកដុំថ្មចោលទៅលើម៉ាស៊ីនអេធីអឹមរបស់យើង។ផ្នែកសន្តិសុខរបស់យើង បានសហការណ៍ជាមួយមន្ត្រីមូលដ្ឋានដើម្បីរកអត្តសញ្ញាណរបស់ជនបង្កហេតុ និងចាត់វិធានការតាមផ្លូវច្បាប់។ ធនាគារក៏បានដាក់ពាក្យបណ្តឹងពីបទបំផ្លាញទ្រព្យសម្បត្តិឯកជនដើម្បីទាមទារសំណងចំពោះការខូចខាតពីជនដៃដល់ ។
យើងខ្ញុំសូមគូសបញ្ជាក់ជូនអតិថិជនទាំងអស់មេត្តាជ្រាបថា គ្រប់ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ ABA សុទ្ធតែមានបំពាក់កាមេរ៉ាសុវត្ថិភាព។ បន្ថែមពីលើនេះ ធនាគារបានដាក់ផ្នែកសន្តិសុខប្រចាំការ 24 ម៉ោងលើ 24 ម៉ោង ដែលមានតួនាទីត្រួតពិនិត្យលើសកម្មភាពនានាក្នុងទូអេធីអឹម ហើយនឹងរាយការណ៍ភ្លាមៗករណីមានភាពមិនប្រក្រតីកើតឡើង។ ការធ្វើដូចនេះ គឺដើម្បីផ្តល់ទំនុកចិត្តលើសេវា និងពង្រឹង សុវត្ថិភាពបន្ថែមលើម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ទាំងអស់ទូទាំងប្រទេសរបស់យើង។ ដូច្នេះយើងខ្ញុំសំណូមពរឲ្យអតិថិជនទាំងអស់ មេត្តាគោរពទ្រព្យសម្បតិ្តនានារបស់ធនាគារ និងសូមប្រើប្រាស់សេវាស្វ័យធនាគារ យើងឲ្យបានត្រឹមត្រូវទាំងអស់គ្នា។
ប្រសិនបើលោកអ្នកជួបបញ្ហា នានាពេលប្រើប្រាស់ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់យើង សូមរួសរាន់ទាក់ទងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 225 333 ឬ 098 203 333 សម្រាប់សេវាបម្រើលោកអ្នក 24/7។