លើកកម្ពស់ការអប់រំផ្នែកឌីជីថល៖ ABA បរិច្ចាគកំព្យូទ័រចំនួន 20គ្រឿង ដល់វិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់

03/Jul/2024

aba donate 20 pc pursat high school kh-4aba donate 20 pc pursat high school kh-4
aba donate 20 pc pursat high school kh-3aba donate 20 pc pursat high school kh-3
aba donate 20 pc pursat high school kh-2aba donate 20 pc pursat high school kh-2
aba donate 20 pc pursat high school kh-1aba donate 20 pc pursat high school kh-1

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឧបត្ថម្ភគាំទ្រដល់យុវជន និងសិស្សានុសិស្សក្នុងដំណើរនៃការសិក្សារបស់ពួកគេ ដោយបានបរិច្ចាគកុំព្យូទ័រចំនួន 20គ្រឿង ដល់វិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី 29 ខែមិថុនា ឆ្នាំ2024 ដោយមានការចូលរួមពីអ្នកតំណាងរបស់ធនាគារ ABA, ចៅហ្វាយស្រុក, នាយកសាលា, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោក អាត ដាឡែន នាយករដ្ឋបាលរបស់ធនាគារ ABA បានមានប្រសាសន៍ក្នុងឱកាសប្រគល់អំណោយនេះថា “ក្នុងយុគសម័យនេះ ចំណេះដឹងផ្នែកកុំព្យូទ័រ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ដើម្បីបន្តការសិក្សាថ្នាក់ឧត្តសិក្សា។ សិស្ស-និស្សិត តម្រូវឲ្យមានចំណេះដឹងផ្នែកឌីជីថល ដើម្បីអាចធ្វើកិច្ចការ និងគម្រោងផ្សេងៗដែលជាលក្ខខណ្ឌតម្រូវរបស់សកលវិទ្យាល័យ។ អំណោយសប្បុរសធម៌នេះ នឹងផ្ដល់នូវចំណេះជំនាញចាំបាច់ដែលសិស្សានុសិស្សត្រូវការ ដើម្បីទទួលបានភាពជោគជ័យអំឡុងពេលសិក្សានៅថ្នាក់សកលវិទ្យាល័យ និងអាជីពការងារនាពេលអនាគត”។

លោក ហួន ស៊ីថា នាយកវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានបង្ហាញអំពីចំណាប់អារម្មណ៍របស់លោកផងដែរថា “យើងខ្ញុំ សូមថ្លែងអំណរគុណជាយ៉ាងជ្រាលជ្រៅសម្រាប់អំណោយជាកុំព្យូទ័រចំនួន 20ឈុតនេះ។អំណោយទាំងនេះជាធនធាន ដ៏មានតម្លៃមួយសម្រាប់សិស្សានុសិស្សទាំងអស់។ សូមអរគុណដល់ ធនាគារ ABA ដែលបានផ្តល់ឱកាសឲ្យសិស្សានុសិស្សទាំងនេះទទួលបាននូវចំណេះជំនាញផ្នែកបច្ចេកវិទ្យាដែលចាំបាច់សម្រាប់អនាគតរបស់ពួកគេ។”

ការអប់រំគឺជាកិច្ចការផ្ដោតដ៏ចម្បងមួយនៃក្របខណ្ឌទទួលខុសត្រូវសង្គម (CSR) របស់ធនាគារ ABA។ យើងខ្ញុំបន្ដយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីធានាថាយុវជនកម្ពុជាទូទាំងប្រទេស មានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ព្រមទាំងមានឱកាសបង្ហាញសក្តានុពលពេញលេញរបស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2023 កន្លងទៅនេះ ធនាគារ ABA បានផ្តល់អំណោយសម្ភារបរិក្ខារ IT ដល់អង្គការ Passerelles Numériques Cambodia (PNC) ជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់ការអប់រំ និងការបណ្តុះបណ្តាល ផ្នែកឌីជីថលដល់យុវជន និងកុមារក្រីក្រ។ លើសពីនេះ ABA បានបង្កើតថ្នាក់កំព្យូទ័រ ដោយបំពាក់កុំព្យូទ័រ ចំនួន 15 គ្រឿង ជូន វិទ្យាល័យហ៊ុនសែនកំពង់រោទិ៍ផងដែរ។ គំនិតផ្តួចផ្តើមនេះ នឹងពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស ជាមួយនឹងជំនាញបច្ចេកវិទ្យាចាំបាច់ ដើម្បីរីកចម្រើននៅក្នុងយុគសម័យឌីជីថល។

1​ ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021 - 2023 ។