ABA បន្ដគាំទ្រកម្មវិធីអប់រំរបស់សមាគម AMT ក្នុងឆ្នាំ 2024

19/Jul/2024

aba amt 2024 khaba amt 2024 kh
aba amt 2024 dt khaba amt 2024 dt kh
aba amt 2024 dt kh-1aba amt 2024 dt kh-1
aba amt 2024 dt kh-2aba amt 2024 dt kh-2
aba amt 2024 dt kh-3aba amt 2024 dt kh-3
aba amt 2024 cert khaba amt 2024 cert kh

ធនាគារ ABA បង្ហាញការគាំទ្ររបស់ខ្លួនជាបន្ដបន្ទាប់ ដោយបានឧបត្ថម្ភថវិកាចំនួន 100,000 ដុល្លារបន្ថែមទៀត ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) សម្រាប់កម្មវិធីផ្តល់អាហារូបករណ៍ និងកម្មវិធីអប់រំរបស់សមាគម។

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងឆ្នាំ 2023 មក ធនាគារ ABA បានឧបត្ថម្ភដំណាក់កាលទី 2 ដល់ AMT សម្រាប់ការងារដ៏មានតម្លៃ និងគួរឲ្យស្ញប់ស្ញែងរបស់សមាគម ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់ សិស្ស-និស្សិត ដែលជួបការលំបាក និងគ្មានលទ្ធភាព ដើម្បីបន្ដការសិក្សាថ្នាក់ឧត្តមសិក្សា។ ជំនួបផ្លូវការត្រូវបានចូលរួមជាអធិបតីរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម AMT លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅថ្ងៃទី 19 កក្កដា 2024។

លោក Askhat Azhikhanov មានប្រសាសន៍ថា “យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការយក ចិត្តទុកដាក់របស់សមាគម ក្នុងការផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្ស-និស្សិត ដែលមិនមានលទ្ធភាពបន្ដថ្នាក់ឧត្តមសិក្សា ហើយថែមទាំងបញ្ជូននិស្សិតទៅសិក្សាក្រៅប្រទេសផងដែរ។ ការអប់រំប្រកបដោយគុណភាព និងចម្រុះគ្នានេះ ពិតជាមានសារៈសំខាន់ ដែលមិនអាចមើលរំលងបានឡើយ ហើយកិច្ចការរបស់សមាគម AMT មានឥទ្ធិពល ព្រមទាំងរួមចំណែកយ៉ាងសំខាន់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា”។

លោក Askhat បានបន្ថែមថា “ដើម្បីបង្ហាញពីការគាំទ្រដ៏មុះមុត និងការប្ដេជ្ញាចិត្តជាបន្ដបន្ទាប់របស់ ABA យើងខ្ញុំបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ជាមួយសមាគម AMT ដើម្បីបន្ដការគាំទ្ររបស់យើងខ្ញុំ ដោយឧបត្ថម្ភ 100,000 ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល 3 ឆ្នាំ។ ហើយក្នុងជំនួបនាថ្ងៃនេះ គឺជាឆ្នាំទី 2 នៃការឧបត្ថម្ភគាំទ្ររបស់យើងខ្ញុំ ជាមួយថវិកាចំនួន 100,000 ដុល្លារអាមេរិក”។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម AMT មានប្រសាសន៍ផងដែរថា ”យើងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាភិបាល និងថ្នាក់អ្នកដឹកនាំរបស់ធនាគារ ABA សម្រាប់ទឹកចិត្តសប្បុរស ដ៏មានតម្លៃ ដែលអនុញ្ញាតឲ្យ AMT បន្ដផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាព របស់ពួកគាត់ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត”។

ធនាគារ ABA បានគាំទ្រកម្មវិធីអាហារូបករណ៍ និងការអប់រំរបស់ AMT ចាប់តាំងពីឆ្នាំ 2022 ដើម្បីឲ្យ AMT បន្តកិច្ចការដ៏មានតម្លៃរបស់ខ្លួន ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់វឌ្ឍនភាពរបស់ប្រទេសជាតិ នាពេលអនាគត។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការគាំទ្ររបស់យើងខ្ញុំ និងកិច្ចខិតខំប្រឹងប្រែងរបស់ AMT នឹងជួយសិស្ស-និស្សិតកម្ពុជា ទទួលបាននូវការអប់រំប្រកបដោយគុណភាព និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគាត់៕