ធនាគារ​ ABA​ ឈ្នះ​ពានរង្វាន់​ ៣​ ពី​កម្ម​ពិធី​ Euromoney​ Award​ 2024

23/Jul/2024

aba euromoney 2024 kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន​ ៣​ នៅ​កម្ម​ពិធី​ប្រគល់​ពានរង្វាន់​ Euromoney​ 2024​ ដែល​ជា​សក្ខីភាព​ បង្ហាញ​ពី​លទ្ធផល​សម្រេច​បាន​ដ៏​ឥត​ខ្ចោះ​ និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​។​

​ឆ្នាំ​នេះ​ ABA​ មាន​កិត្តិយស​ដែល​បាន​ទទួលស្គាល់​ជា​ “​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ឆ្នាំ​ 2024”​ និង​ទទួល​បាន​ពានរង្វាន់​ធំៗ​រហូត​ទៅ​ដល់​ពីរ​បន្ថែម​ទៀត​គឺ​ “​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ឆ្នាំ​2024”​ និង​ “​ធនាគារ​ឆ្នើម​បំផុត​លើ​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា​ ឆ្នាំ​2024”​។​ ABA​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ដប់​មួយ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្តី​ Euromoney​។​

​លទ្ធផល​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​ការ​ពង្រីក​បណ្តាញ​សេវា​

​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ ដើម្បី​សម្រេច​បាន​កំណើន​ប្រកបដោយ​ស្ថិរភាព​របស់​ ABA​ បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​នៅ​លើ​គ្រប់​ទិដ្ឋភាព​ធុរកិច្ច​របស់​ខ្លួន​។​ ធនាគារ​ សម្រេច​បាន​ម៉ា​ទ្រី​ក​លទ្ធផល​ហិរញ្ញវត្ថុ​គួរ​ឲ្យ​កត់សំគាល់​នៅ​ឆ្នាំ​ 2023​ ដែល​បន្ត​ឈរ​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​ ទ្រព្យសកម្ម​សរុប​មានការ​កើនឡើង​ 27%​ រហូត​ដល់​ 11.5​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ដំណាច់ឆ្នាំ​ 2023​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រាក់​បញ្ញើ​អតិថិជន​បាន​កើនឡើង​ 26%​ រហូត​ដល់​ 9.2​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​កម្ចី​ដុល​ សម្រេច​បាន​ចំនួន​ 9.2​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​មានការ​កើនឡើង​ 21%​ បើ​ប្រៀបធៀប​នឹង​ដំណាច់ឆ្នាំ​មុន​នេះ​។​

​លើស​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ ធនាគារ​ ABA​ ក៏​បាន​បន្ត​ពង្រីក​បណ្តាញ​សាខា​របស់​ខ្លួន​ផង​ដែរ​។​ រាប់​ចាប់ពី​ដំណាច់ឆ្នាំ​ 2023​ ABA​ បាន​បម្រើ​សេវាកម្ម​អតិថិជន​តាម​រយៈ​សាខា​ចំនួន​ 95​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 45​ កន្លែង​ ដែល​បង្ហាញ​ពី​កំណើន​ទីផ្សារ​យ៉ាង​ធំ​។​ គួរ​កត់​សម្គាល់ថា​ ការ​ផ្តោត​សំខាន់​របស់​ ABA​ ទៅ​លើ​ដំណោះស្រាយ​ឌី​ជី​ថ​ល​ថ្មីៗ​ បាន​រំលេច​ឲ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​បន្ត​ជំហាន​នាំមុខ​គេ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​ ដែល​កំពុង​មាន​សន្ទុះ​នៅ​កម្ពុជា​។​

​ឈានមុខ​គេ​ក្នុង​វិស័យ​ធនាគារ​ឌី​ជី​ថ​ល​

​កម្មវិធី​ ABA​ Mobile​ ដែល​ជា​ផលិតផល​ឯក​របស់​យើង​ បាន​បន្ត​ឈានមុខ​គេ​កាន់តែ​ឆ្ងាយ​បន្ថែម​ទៀត​ ក្នុង​នាម​ជា​អេប​ធនាគារ​ដ៏​មាន​ប្រជាប្រិយភាព​ និង​ពេញ​និយម​បំផុត​នៅ​កម្ពុជា​។​ នៅ​ឆ្នាំ​ 2023​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ បាន​កើនឡើង​ 30%​ ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​សម្រេច​បាន​រហូត​ដល់​ 3.1​ លាន​នាក់​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ នូវ​សេវាកម្ម​ និង​មុខងារ​ផ្សេងៗ​លើ​ ABA​ Mobile​។​

​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​ ABA​ Mobile​ ទទួល​បាន​នូវ​វឌ្ឍនភាព​ថ្មី​សំខាន់ៗ​ជា​ច្រើន​។​ ចំណុច​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ​ ការ​កែប្រែ​ផ្ទៃ​អន្ដរ​កម្ម​ក្នុង​កំណែ​ 5.0​ ដោយ​បន្ថែម​បទ​ពិសោធ​ថ្មី​ដល់​អ្នក​ប្រើប្រាស់​។​ ការ​កែប្រែ​ថ្មី​នេះ​ ផ្ដល់​នូវ​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ និង​ងាយស្រួល​ជូន​អតិថិជន​ ពង្រឹង​មុខងារ​សុវត្ថិភាព​ ព្រមទាំង​អាច​ដូរ​ និង​រៀបចំ​ផ្ទៃ​អេ​ក្រង់​ឲ្យ​ស្រួល​ប្រើប្រាស់​ ដូច​ជា​កែ​ទំហំ​អក្សរ​ និង​ម៉ូ​ដ​រចនា​ជាដើម​។​ ការ​ផ្ដល់​អ៊ីនធឺណិត​ដោយ​ឥត​គិតថ្លៃ​ក្នុង​ ABA​ Mobile​ សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន​ ជួយ​សម្រួល​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវា​ធនាគារ​ ដោយ​មិន​ចាំបាច់​មាន​ទិន្នន័យ​អ៊ីនធឺណិត​ផ្ទាល់ខ្លួន​ ដែល​ជា​ចំណែក​មួយ​ជួយ​ជំរុញ​ដល់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ការ​ប្រើប្រាស់​របស់​អតិថិជន​។​ ABA​ ក៏​បាន​ប្រកាស​ដាក់​ដំណើរការ​សេវា​ទូទាត់​ឆ្លង​ប្រទេស​តាម​រយៈ​ QR​ នៅ​ក្នុង​ប្រទេស​ថៃ​ កាលពី​ឆ្នាំ​2023​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ ABA​ ធ្វើ​ប្រ​តិ​បត្ត​ការ​ដោយ​រលូន​ ដោយ​ប្រើ​ ABA​ Mobile​ ស្គែ​ន​កូដ​ ThaiQR​ ផង​ដែរ​។​

​លើស​ពី​នេះ​ទៀត​ ធនាគារ​បាន​ពង្រីក​បណ្តាញ​ទូទាត់​ KHQR​ សម្រាប់​អាជីវករ​កាន់តែ​ទូលំទូលាយ​ ដែល​កើនឡើង​រហូត​ដល់​ 43%​។​ កម្មវិធី​ ABA​ Merchant​ ក៏​បន្ត​ទទួល​បានការ​កែប្រែ​ ដូច​ជា​មុខងារ​វិភាគ​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​នានា​ប្រើប្រាស់​ និង​វិភាគ​ទិន្នន័យ​ ដែល​ជួយ​ឲ្យ​ពួក​គាត់​គ្រប់គ្រង​សកម្មភាព​លក់ដូរ​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​ប្រសិទ្ធភាព​។​ ភាព​ទំនើប​ឈានមុខ​ទាំងនេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​គោល​ជំហរ​យ៉ាង​រឹង​មាំ​របស់​ ABA​ ក្នុង​នាម​ជា​ធនាគារ​ផ្ដល់​សេវា​ទូទាត់​ឌី​ជី​ថ​ល​ឈានមុខ​គេ​ និង​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ជា​លំដាប់​សម្រាប់​អតិថិជន​។​

​ការ​កសាង​អនាគត​ប្រកបដោយ​និរន្តរភាព​ តាម​រយៈ​ទំនួល​ខុស​ត្រូវ​សង្គម​

​គណៈវិនិច្ឆ័យ​របស់​ Euromoney​ បាន​ទទួលស្គាល់​នូវ​ ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ លើ​ទំនួល​ខុស​ត្រូវ​សង្គម​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តល់​វិភាគទាន​ត្រលប់​ទៅ​កាន់​សហគមន៍​ និង​ការ​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​ ទំនួល​ខុស​ត្រូវ​សង្គម​សំខាន់ៗ​របស់​ធនាគារ​ ABA​ រួម​មានការ​រួមចំណែក​ជួយ​វិស័យ​អប់​ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ព្រមទាំង​ពង្រឹងសមត្ថភាព​យុវជន​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ការ​រួមចំណែក​ទាំង​អស់នេះ​ បង្ហាញ​ពី​ ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

ABA​ បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ 20,000​ ដុល្លា​អា​មេ​រិ​ក​ ដល់​វិទ្យាល័យ​នៅ​ស្រុក​កំពង់​រោទ៍​ ខេត្តស្វាយរៀង​ សម្រាប់​ជួសជុល​អគារ​ និង​រៀបចំ​ឲ្យ​មាន​ថ្នាក់រៀន​កុំព្យូទ័រ​ ដើម្បី​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​សាលារៀន​ឲ្យ​កាន់តែ​ប្រសើរ​។​ លើស​ពី​នេះ​ទៀត​ ABA​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ 300,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (AMT)​ សម្រាប់​ឆ្នាំ​ 2023-2025​ ដើម្បី​កម្មវិធី​ផ្តល់​អាហារូបករណ៍​ និង​កម្មវិធី​អប់រំ​របស់​សមាគម​។​

​ធនាគារ​ ABA​ ក៏​បាន​ពង្រីក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដំណាក់កាល​ទី​៣​របស់​ខ្លួន​ នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​ ដើម្បី​ផ្តល់​ចំណេះដឹង​ចាំបាច់​មួយ​ចំនួន​ដល់​អ្នកចូលរួម​។​ ការ​បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ដោយ​មាន​អ្នក​ភូមិ​ អ្នកស្រុក​ ជា​ច្រើន​ចូលរួម​ប្រមាណ​ 500​ នាក់​។​

​ដោយ​ទទួលស្គាល់​សារៈសំខាន់​នៃ​ការ​ពង្រឹងសមត្ថភាព​យុវជន​ ABA​ បាន​សហការ​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​កុមារ​ដែល​ខ្វះខាត​ តាម​រយៈ​ការ​ពង្រឹង​ចំណេះដឹង​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ ដោយ​មាន​ផ្តល់​ការ​ហាត់​ការ​ និង​ឱកាស​ការងារ​ អាហារូបករណ៍​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន​ និង​កម្មវិធី​ស្ម័គ្រចិត្ត​ផ្សេងៗ​។​

​ការ​ទទួលស្គាល់​ពី​ Euromoney​ គឺជា​សក្ខីភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​ ABA​ ចំពោះ​ឧត្តម​ភា​ម​សម្រាប់​អតិថិជន​ នវានុវត្តន៍​ និង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ចំពោះ​ សមិទ្ធផល​ដ៏​លេចធ្លោ​ទាំងនេះ​ បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​ ដល់​អតិថិជន​គ្រប់​រូប​ និង​អាជីវកម្ម​ឲ្យ​កាន់តែ​រីក​ចម្រើន​៕

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​ 2021-2023​ ។