ធនាគារ​ ABA​ បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ពាណិជ្ជកម្ម​ សហគ្រាស​ធុន​តូច​ និង​មធ្យម​សម្រាប់​កម្ពុជា​ និង​សិង្ហ​បុរី​ តាម​រយៈ​ គម្រោង​ថ្នាល​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​ (FTC)

20/Jun/2024

aba x ftc khaba x ftc kh
aba x ftc 2024 cert khaba x ftc 2024 cert kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​1 មាន​មោទនភាព​បាន​ចូលរួម​សហការ​ក្នុង​ គម្រោង​ថ្នាល​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​ (Financial​ Transparency​ Corridor-FTC)​។​ គម្រោង​នេះ​ ផ្ដល់​ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ ដែល​មាន​សុវត្ថិភាព​ និង​មាន​មូលដ្ឋាន​លើ​ការ​យល់ព្រម​ ដើម្បី​សម្របសម្រួល​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ និង​ សេវា​ផ្សេងៗ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ។

​​គម្រោង​ថ្នាល​ FTC​ នេះ​ បាន​បង្កើត​ឡើង​ដោយ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​ ក្នុង​គោលបំណង​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ឆ្លង​ដែន​ទ្វេភាគី​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ រវាង​ប្រទេស​ទាំង​ពីរ​។​ ​

ព្រឹត្តិការណ៍​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​ គម្រោង​ថ្នាល​ FTC​ នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ ក្នុង​ប្រទេស​សិង្ហ​បុរី​ ក្រោម​អធិបតីភាព​ សម្តេច​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ឡ​រ៉ែ​ន​ វង់​ នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​សិង្ហ​បុរី​ លោកស្រី​ ជា​ សិរី​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ លោក​ ជៀ​ ដឺ​ ចាយ​អិន​ នាយក​គ្រប់គ្រង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​។

​​ការ​ផ្តួចផ្តើម​ថ្មី​នេះ​ បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ សម្រាប់​អាជីវកម្ម​កាន់តែ​ប្រសើរ​ និង​ផ្តល់​បណ្តាញ​អតិថិជន​កាន់តែ​ទូលំទូលាយ​ ព្រមទាំង​ពង្រឹង​ដំណើរការ​ពាណិជ្ជកម្ម​ឆ្លង​ដែន​។​ លើស​ពី​នេះ​ទៀត​ គម្រោង​ថ្នាល​នេះ​អនុញ្ញាត​ឲ្យ​ធនាគារ​សមាជិក​ទាំង​ពីរ​ប្រទេស​ ចែករំលែក​ទិន្នន័យ​ដោយ​សុវត្ថិភាព​ និង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អាជីវកម្ម​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ពួក​គេ​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​ ក្នុង​ការ​សហការ​ក្នុង​គម្រោង​ ថ្នាល​ច្រករបៀង​តម្លាភាព​ហិរញ្ញវត្ថុ​ (Financial​ Transparency​ Corridor-FTC),​ ដែល​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​ ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ សិង្ហ​បុរី​ ដោយ​គាំទ្រ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ក្នុងស្រុក​កាន់តែ​ប្រសើរ​ និង​មាន​ប្រសិទ្ធភាព​។​” ​

លោក​ក៏​បាន​បន្ថែម​ថា​ “​យើង​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ ការ​ផ្តួចផ្តើម​នេះ​ ដែល​បង្កើន​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ និង​ផ្តល់​សេវា​ធនាគារ​ ឲ្យ​ បាន​ល្អ​ប្រសើរ​សម្រាប់​អតិថិជន​របស់​យើង​។​ គម្រោង​ថ្នាល​ FTC​ ថ្មី​នេះ​ នឹង​បង្កើត​ ឱកាស​អាជីវកម្ម​ថ្មី​បន្ថែម​ទៀត​ សម្រាប់​អាជីវកម្ម​ក្នុង​ប្រទេស​សិង្ហ​បុរី​ និង​ កម្ពុជា​”​ ។

​គម្រោង​ថ្នាល​ FTC​ ថ្មី​ នេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ ដែល​កម្ពុជា​ និង​ សិង្ហ​បុរី​ កំពុង​បន្ត​ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​ ផ្នែក​ហិរញ្ញវត្ថុ​ ជួយ​សម្រួល​ដល់ទី​ផ្សារ​ពាណិជ្ជកម្ម​ និង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​ ការ​ ចូលរួម​ របស់​ ធនាគារ​ ABA​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​គោលដៅ​រួម​ និង​ផ្តល់​ឱកាស​ដល់​ សហគ្រាស​ធុន​តូច​ និង​មធ្យម​(SMEs)​ រីក​ដុះដាល​ និង​រីក​ចម្រើន​នៅ​ក្នុង​ទីផ្សារ​សកល​។

​1​ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ ដោយ​គិត​លើ​ទ្រព្យសកម្ម​សរុប​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួត​ ពិនិត្យ​ប្រចាំឆ្នាំ​ 2021-2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។