SWIFT​ តាម​ទូរស័ព្ទ​

ដើម្បី​សម្រួល​ឲ្យ​លោក​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​ បាន​កាន់តែ​ងាយស្រួល​ និង​ចំណេញ​ពេលវេលា​ យើងខ្ញុំ​សូម​ណែនាំ​ សេវា​ SWIFT​ ផ្ទេរ​ប្រាក់​ក្រៅប្រទេស តាម​ ABA​ Mobile ជាដុល្លារ និងរូបិយប័ណ្ណផ្សេងទៀត (GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY) ​។

​មុខងារ​នេះ​ នឹង​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេលវេលា​បាន​យ៉ាងច្រើន​ ព្រោះ​លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​ផ្ទាល់​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ និង​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​ ABA​ ឡើយ​!​ លោក​អ្នក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ផ្ទះ​ ឬ​កន្លែងធ្វើការ​ 24​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​។​ ​

អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ សេវា​ផ្ទេរ​ប្រាក់​ SWIFT​ តាម​ ABA​ Mobile

  • ​ងាយស្រួល — មិនចាំបាច់អញ្ជើញទៅសាខា ABA​។​
  • ដើម្បី​ចំណេញ​ពេលវេលា​ អ្នក​អាច​បង្កើត​បែបបទ​គំរូ​ឲ្យ​ហើយ​ សម្រាប់​ប្រតិបត្តិការ​ SWIFT​ ដែល​ត្រូវការ​ធ្វើ​ឡើង​ញឹកញាប់​។​
  • តាមរយ: ​កម្មវិធី​ ABA​ Mobile លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស ដោយប្រើរូបិយប័ណ្ណណាមួយ ក្នុងចំណោម 10 ​រូបិយប័ណ្ណ​៖ GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY និង USD។
  • លោក​អ្នក​អាច​ដោ​ន​ឡូត​របាយការណ៍​ប្រតិបត្តិការ​ជា​ហ្វា​ល់​ PDF​ ដើម្បី​ទុកជា​ឯកសារយោង​។​

តម្លៃសេវាកម្ម

  • កម្រៃជើងសារ 0.15% នៃចំនួនទឹកប្រាក់ផ្ទេរ ឬអប្បបរមា 15 ដុល្លារ (ឬអត្រាពិសេសដែលធនាគារផ្តល់ជូនអ្នក)
  • ថ្លៃបណ្តាញ 15 ដុល្លារ
  • ថ្លៃសេវាបន្ថែម 30 ដុល្លារ នឹងត្រូវអនុវត្ត ប្រសិនបើអ្នកជ្រើសរើសយក "OUR" (នោះទឹកប្រាក់ផ្ទេរនឹងត្រូវបានផ្ទេរទៅកាន់ធនាគារអ្នកទទួលបានគ្រប់ចំនួនពេញលេញ)។​
  • ​អប្បបរមា​ក្នុង​មួយ​ប្រតិបត្តិការ៖​ 100​ ដុល្លារ
  • អតិបរមា​ក្នុង​មួយ​ប្រតិបត្តិការ៖​ 100,000​ ដុល្លារ
  • អតិបរមា​ក្នុង​មួយ​ថ្ងៃ៖​ 100,000​​ ដុល្លារ

លក្ខខណ្ឌ​នៃ​ការ​ផ្ទេរ​ប្រាក់​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ ចំកាត់​ “ABA”

សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។លក្ខខណ្ឌនេះគឺជា កិច្ចព្រមព្រៀង រវាងរូបអ្នក និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។

  1. អ្នកផ្ទេរបានអះអាង និង បញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវនិងពិតប្រាកដមែន។ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវអាក់ដំណើរការ និងការដកចេញដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវ។
  2. អ្នកផ្ទេរឯកភាពថា Username, លេខសម្ងាត់ (PIN), ពាក្យសម្ងាត់, ព័ត៌មានផ្សេងទៀតសម្រាប់បើកប្រើប្រាស់ ABA Mobile ជាព័ត៌មានសម្ងាត់ដែលមិនត្រូវប្រាប់អោយភាគីទីបីដឹងឡើយ។
  3. អ្នកផ្ទេរអះអាងថាខ្លួនប្រើប្រាស់ ABA Mobile ក្នុងនាមខ្លួនឯងប៉ុណ្ណោះ ដោយមិនធ្វើប្រតិបត្តិការសម្រាប់ រឺជួសមុខអោយភាគីទីបីឡើយ។
  4. អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនប្រាក់រួមទាំងកម្រៃសេវាផ្សេងៗ។
  5. អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុកដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
  6. អ្នកផ្ទេរអនុញ្ញាតឲ្យធនាគារធ្វើការពន្យារ, បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តរការីរកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
  7. អ្នកផ្ទេរធានាថាការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ធនាគារមានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេត/សិក្សាបន្ថែមអំពីអតិថិជន។
  8. អ្នកស្នើសុំ នឹងមិនទាមទារសំណងណាមួយពីធនាគារសម្រាប់ការខាតបង់ ឬការបដិសេធណាមួយ ប្រសិនបើប្រតិបត្តិការរបស់ខ្លួនត្រូវបានបង្កក ឬបដិសេធដោយធនាគារអន្តរការី ឬធនាគារទទួល ពាក់ព័ន្ធនឹងទណ្ឌកម្ម ឬលក្ខខណ្ឌកម្រិតអន្តរជាតិណាមួយ។
  9. អ្នកផ្ទេរធានាផ្ដល់ជូននូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
  10. ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
  11. ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជានានា។
  12. ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោលធនាគារ ABA នឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញនៅពេលធនាគារ ABA ទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារអន្តរការីអាចនឹងគិតថ្លៃបញ្ឈប់ការផ្ទេរ និងកម្រៃផ្សេងៗហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះនឹងត្រូវអនុវត្តផងដែរ។
  13. ធនាគារមិនទទួលខុសត្រូវលើពន្ធនានា, កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
  14. ដើម្បីបំពេញបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវ ធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំ នោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះពីគណនីអ្នកផ្ទេរវិញ។
  15. ប្រាក់ដែលដាក់ផ្ទេរក្រោយម៉ោង 4រសៀលម៉ោងនៅកម្ពុជា នឹងត្រូវដំណើរការផ្ទេរនៅថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ។
  16. ដើម្បីធ្វើការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរ អ្នកត្រូវតែបំពេញពាក្យស្នើសុំកែប្រែ/បញ្ឈប់ការផ្ទេរប្រាក់ រួចចុះហត្ថលេខា ហើយប្រគល់ជូនសាខាណាមួយរបស់ធនាគារយើងខ្ញុំ។ការសុំកែប្រែ ឬបញ្ឈប់ មិនអាចធ្វើតាមអ៊ីម៉ែល ឬទូរស័ព្ទបានឡើយ។ ពាក្យស្នើសុំនេះអាចទាញយក ឬដោនឡូតពីវិបសាយរបស់យើងខ្ញុំតាម www.ababank.com/en/international-transfers/
  17. ជម្រើសបង់ប្រាក់ "OUR" មានន័យថាចំនួនទឹកប្រាក់ដែលផ្ទេរនឹងត្រូវទទួលពេញលេញបានដោយគ្មានការកាត់ទុកនៅធនាគាររបស់អ្នកទទួលប្រាក់។ ប៉ុន្តែមិនមែនមិនមានការកាត់ទុកចំពោះអ្នកទទួលប្រាក់នោះទេ។ ធនាគាររបស់អ្នកទទួលប្រាក់ ក៏អាចនឹងគិតថ្លៃសេវាមួយចំនួនផងដែរ។ ធនាគារយើងមិនធានានូវការផ្ទេរប្រាក់ក្នុងចំនួនពេញលេញដល់អ្នកទទួលប្រាក់ឡើយ។
  18. ជម្រើសបង់ថ្លៃសេវា “BEN” មានន័យថា ថ្លៃសេវាធនាគារយើងខ្ញុំ និងថ្លៃសេវាធនាគារអន្តរការី នឹងត្រូវដកចេញពីទឹកប្រាក់ផ្ទេរ។ អ្នកផ្ទេរបានយល់ និងឯកភាពថា ប្រសិនបើខ្លួនជ្រើសយកជម្រើស “BEN” នោះថ្លៃសេវា នឹងត្រូវដកចេញពីប្រាក់ផ្ទេរ។
  19. សំរាប់ប្រទេសមួយចំនួន លេខ IBAN គឺជាតម្រូវការចាំបាច់។ សូមត្រួតពិនិត្យជាមួយអ្នកទទួលជាមុនសិនមុននឹងអ្នកធ្វើការផ្ទេរប្រាក់។សូមមើលគេហទំព័រនេះសម្រាប់ព័ត៌មានលម្អិតបន្ថែមhttps://www.iban.com/structure
  20. សម្រាប់ការផ្ទេរទៅកាន់ប្រទេសមួយចំនួនមិនទាន់មាននៅក្នុងកម្មវិធី ABA Mobile នៅឡើយទេ ដូច្នេះអ្នកផ្ទេរត្រូវអញ្ជើញមកសាខា ទើបអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បាន។

របៀបផ្ទេរប្រាក់ SWIFT តាមទូរស័ព្ទ

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. រើ​ស​យក​ផ្នែក​ផ្ទេរ​ប្រាក់​
  3. រើស​យក​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​តាម​ SWIFT​
  4. ជ្រើសរើស​គណនី​
  5. ដាក់​លេខ​ទូរស័ព្ទ​
  6. ជ្រើសរើស ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន ឬគណនីអ្នកផ្សេង (ប្រសិនបើជ្រើសរើស គណនីផ្ទាល់ខ្លួន នោះឈ្មោះអ្នកទទួលនឹងចាប់យកដោយស្វ័យប្រវត្តិ ហើយមិនចាំបាច់ត្រូវការឯកសារគាំទ្រទេ)
  7. បំពេញ​ព័ត៌មាន​អ្នក​ទទួល​ប្រាក់​ ដូច​ជា​ឈ្មោះ​ អាសយដ្ឋាន​ និង​ប្រទេស​
  8. ដាក់​កូដ​ SWIFT​ នៃ​ធនាគារ​ទទួល​
  9. បញ្ចូលលេខគណនី ឬ IBAN អ្នកទទួល (ដាក់ទាំងអស់)
  10. ជ្រើសរើសប្រភេទរូបិយប័ណ្ណ​
  11. បញ្ចូលចំនួនទឹកប្រាក់ដែលចង់ផ្ទេរ1
  12. រើស​ជម្រើស​ភាគី​ដែល​ត្រូវ​បង់ថ្លៃ​សេវា​ មាន​ជម្រើស​ 3​ ដែល​ត្រូវ​ជ្រើសរើស​ មាន​ដូច​ជា​ SHA,​ OUR,​ ឬ​ BEN​
  13. សរសេរគោលបំណងនៃការផ្ទេរ យ៉ាងតិច 70តួរ
  14. បញ្ចូលលេខកូត SWIFT របស់ធនាគារអន្តរការី (មិនដាក់ក៏បាន)
  15. ចុច​ “​ខ្ញុំ​បាន​អាន​ និង​យល់ព្រម​តាម​លក្ខខណ្ឌ​”​ រួចចុច​ពាក្យ​ រួចរាល់
  16. ប្រសិនបើ​ព័ត៌មាន​ត្រឹមត្រូវ​អស់ហើយ​ សូម​ចុច​ប៊ូ​តុង​ ផ្ទេរ​ ហើយ​បញ្ជាក់​យល់ព្រម​ផ្ទេរ​ ដោយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក​ទាំង​ 4​ខ្ទង់​។​

ប្រទេស​មួយ​ចំនួន​ខាងក្រោម​នេះ​ មាន​តម្រូវការ​ព័ត៌មាន​ដោយឡែកៗ​ពី​គ្នា​៖​

ប្រទេសផ្ញើទៅ តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល
USA Routing Number/Fedwire Number/ABA
United Kingdom Sort code
New Zealand BSB Number
Australia BSB Number
Canada1 Transit Number and Institution Number
Thailand Branch Name
Japan Branch Name/Branch Code
Latvia Intermediary Bank
Vanuatu Intermediary Bank
UAE Purpose Code

1 សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសកាណាដា អាសយដ្ឋានអ្នកទទួល ត្រូវមានទម្រង់ "លេខផ្លូវ/អគារ ឬអាផាតមនត៍, ឈ្មោះផ្លូវ, ទីក្រុង, លេខកូដខេត្ត, លេខកូដប្រៃសណីយ៍, ប្រទេស" ដើម្បីចៀសវាងការបដិសេធ ឬផ្អាកប្រតិបត្តិការ ដោយធនាគារទទួល។

លក្ខខន្តិកៈផ្សេងទៀត

  • លោក​អ្នក​អាច​ធ្វើការ​ផ្ទេរ​បាន​ 24​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​។​ ពេលវេលា​ចប់​ម៉ោង​ គឺ​ម៉ោង​ 4​ល្ងាច​ សម្រាប់​ថ្ងៃ​ធ្វើការ​ធម្មតា​ (​ចន្ទ​-​សុក្រ​)​។​ ដូច្នេះ​ រាល់​ប្រតិបត្តិការ​ដែល​អ្នក​បញ្ចប់​រួចរាល់​ចំ​ពេល​ចប់​ម៉ោង​ នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃ​តែ​មួយ​ ប៉ុន្តែ​ប្រតិបត្តិការ​ដែល​អ្នក​ធ្វើ​ក្រោយ​ចប់​ម៉ោង​ នឹង​ត្រូវ​ដំណើរការ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​របស់​ធនាគារ​។​
  • សេវា​ផ្ទេរ​ប្រាក់​ SWIFT​ ​ធ្វើប្រតិបត្តិការតាម​រូបិយប័ណ្ណ​ GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY និង ដុល្លារ​អា​មេ​រិ​ក​។
  • អតិថិជន​ត្រូវ​ដំឡើង​កម្មវិធី​ ABA​ Mobile​ ជំនាន់​ចុង​ក្រោយ​បង្អ​ស់​ ដើម្បី​ប្រើប្រាស់​សេវា​នេះ​បាន​។​
  • ដើម្បី​កែ​ និង​/​ឬ​បញ្ឈប់​ប្រតិបត្តិការ​ អតិថិជន​ត្រូវ​អញ្ជើញ​ទៅ​សាខា​ ABA​ ដោយ​នាំ​មក​ជាមួយ​នូវ​​ ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់ ដែល​បំពេញ​រួចរាល់​។​
  • ដើម្បី​ជម្រាប​អំពី​លក្ខខណ្ឌ​ពេញលេញ​នៃ​សេវា​នេះ​​ ចុចទីនេះ​។

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader